www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Monday, January 6, 2025

លោកឧកញ៉ា ប៊ុនថៃ ចាក់ដី រំលោភយកមាត់ទន្លេមេគង្គ នៅស្រុកត្បូងឃ្មុំ ខណះច្បាប់ធូរលុង ឬមិនអនុវត្តឲ្យគ្រប់ជ្រុងជ្រោយ


ត្បូងឃ្មុំ÷មាត់ទន្លេមេគង្គនៅចំណុចភូមិទន្លេបិទខាងជើង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រឈមនឹងហានិភ័យ ដោយការចាក់ដីធ្វើរបងព័ទ្ធជុំវិញយ៉ាងស្អាតបាត ស្របពេលដែលអាជ្ញាធរជំនាញស្រុកត្បូងឃ្មុំ ទើបតែឃើញហើយចុះហាមឃាត់ នៅពេលដែលប្រជាពលរដ្ឋនិយាយថា "អង្ករក្លាយជាបាយ"ទៅហើយនោះ តើគួរជះចោលដែរ ឬយ៉ាងដូចម្ដេច? យ៉ាងណាក៏ដោយ"អង្ករដែលក្លាយជាបាយ" ជាច្រើនឆ្នាំងមកហើយដែលត្រូវ"ជះចោល"។មហាជនធ្វើដំណើរលើស្ពានគីហ្សូណា ចេញពីទីរួមខេត្តកំពង់ចាមឆ្លងចូលខេត្តត្បូងឃ្មុំនៅខាងស្តាំដៃ ប្រាកដជាឃើញការចាក់ដីសាងសង់ធ្វើរបងរំលោភបំពាន ចូលក្នុងទន្លេមេគង្គលើនេះជាមិនខាន។ ទីនោះ នៅចំណុចភូមិទន្លេបិទខាងជើង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែល មានការចាក់ដីរំលោភលើចំណីទន្លេ និងមានធ្វើរបងថ្មព័ទ្ធជុំវិញយ៉ាងរឹងមាំមិនដឹងថា មានការអនុញ្ញាតច្បាប់ឬយ៉ាងណានោះទេ?។ 


លោកមេឃុំទន្លេបិទ បានបញ្ជាក់ថា ការចាក់ដីនេះមានឈ្មោះលោកឧកញ៉ាប៊ុន ថៃ ជាម្ចាស់។ លោកមេឃុំបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៥ មានមន្ត្រីខាងសុរិយោដីស្រុកត្បូងឃ្មុំ សហការជាមួយនឹងលោកមេឃុំទន្លេបិទ,មេភូមិទន្លេបិទខាងជើង បានចុះមកដល់គោលដៅចាក់ដី របស់ឧកញ៉ា ប៊ុន ថៃ បានធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពចាក់ដី រំលោភលើចំណីទន្លេមេគង្គនេះ ហើយនិងមានការវាស់វែងការចាក់ដីនេះរំលោភលើផ្ទៃដីចំណីទន្លេមេគង្គប៉ុន្មានម៉ែត្រទៀតផង។ប្រជាពលរដ្ឋបាននិយាយថា វិធានការទប់ស្កាត់ចំពោះការចាក់ដីរំលោភលើចំណីទន្លេខាងលើនេះ ហាក់ដូចជាភាពយឺតពេលទៅហើយ មានន័យថា អង្ករក្លាយទៅជាបាយរួចទៅហើយ ទើបក្រុមការងារស្រុកត្បូងឃ្មុំ ចុះធ្វើកិច្ចសន្យាបញ្ឈប់ឲ្យមានសកម្មភាព។ មហាជនឆ្ងល់ថា បើការចាក់ដីនេះមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហេតុអ្វីបានជា អាជ្ញាធរបណ្ដែតបណ្ដោយឱ្យលោកឧកញ៉ា ធ្វើរបងរួចរាល់ហើយ ទើបហាមឃាត់ជាក្រោយយ៉ាងដូច្នេះ។ ហេតុដូម្ដេច មិនមានវិធានការហាមឃាត់ ឬ ទប់ស្កាត់ ឲ្យបានទាន់ពេលវេលា? ដូច្នេះសកម្មភាពចាក់ដីរំលោភបែបនេះគឺជាកំហុស របស់អាជ្ញាធរ ឬ ជំនាញផ្នែកសូរិយោដីដែរឬយ៉ាងណានោះ?។


នេះជាអ្វី ដែលជាមេរៀនដដែលៗ បានកើតឡើងនៅឯស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីឆ្នាំទៅ។ អាជ្ញាធរ,ស្ថាប័នជំនាញបានត្រឹមណែនាំឲ្យម្ចាស់ការដ្ឋានកាយថ្ម ត្រឡប់មកវិញតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋឆ្ងល់ថា តើច្បាប់កំណត់ត្រឹម តែឲ្យកាយថ្មត្រឡប់មកវិញទេឬ? បើច្បាប់កំណត់យ៉ាងដូច្នេះនោះនឹងនៅតែមានអ្នកប្រព្រឹត្តល្មើស បំពានច្បាប់ដដែលជាដដែល។ ករណីខាងលើនេះតើអាចរកស,ខ្មៅ ឲ្យច្បាស់លាស់ឃើញដែរឬទេ? ថាតើឧកញ៉ាប៊ុន ថៃ នេះពិតជាបានធ្វើខុសច្បាប់មែនដែរឬទេ? បើគាត់ខុសច្បាប់ តើត្រឹមតែវាយកំទេចរបស់ថ្ម ឬក៏ច្បាប់កំណត់ឲ្យមានទោសទណ្ឌដែរឬយ៉ាងណា? និយាយឲ្យខ្លី តើល្មមដល់ ពេលអនុវត្តច្បាប់ឲ្យពេញលេញហើយឬនៅ?ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពគេហទំព័រសាន់ដេ រង់ចាំការបកស្រាយបំភ្លឺ ពីសាមុីខ្លួនដែលមានឈ្មោះថាជាអ្នកចាក់ដីលុបទន្លេ និងស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា។ ជាងនេះទៅទៀតម្ចាស់ការដ្ឋាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបំភ្លឺជូនប្រជាពលរដ្ឋអំពីអ្វីដែលបាននឹងកំពុងកើតឡើង នៅតំបន់មាត់ទន្លេក្នុងស្រុកត្បូងឃ្មុំ នោះឲ្យបានច្បាស់លាស់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages